ក្រសួងព័ត៌មាន ប្រកាសលុបអាជ្ញាប័ណ្ណ សារព័ត៌មាន Life And Sport (ជីវិត និងកីឡា)

ក្រសួងព័ត៌មាន ប្រកាសលុបអាជ្ញាប័ណ្ណ សារព័ត៌មាន  Life And Sport (ជីវិត និងកីឡា)

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មានបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មានLife and Sport កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមប្រកាសលេខ០២០ ប្រក.ពម ដោយមូលហេតុម្ចាស់អង្គភាពបានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និង មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមខ្លឹមសារដែលបានចែងក្នុងការក្របខណ្ឌនៃប្រកាសអនុញ្ញាតប្រកបអាជីវកម្មគេហទំព័រ ។

លោកអ្នកនាំពាក្យបានឱ្យដឹងទៀតថា ក្រសួងបានជូនដំណឹងអំពីការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មនេះ ដល់ម្ចាស់អង្គភាពរួចហើយ និងបានផ្សព្វផ្សាយផងដែរ។

សូមជម្រាបជូនថាបន្ទាប់ពីបានទទួលបណ្តឹងជាច្រើនអំពីទង្វើប្រព្រឹត្តប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពនេះ ក្រសួងព័ត៌មានបានអញ្ជើញម្ចាស់អង្គភាពមកណែនាំជាច្រើនដង ច្រើនសារមកហើយ ឱ្យបញ្ឈប់ទង្វើបំពានទាំងនោះ ហើយដើម្បីឱ្យងាកមកអនុវត្តការងាររបស់ខ្លួនឱ្យត្រឹមត្រូវវិញ ប៉ុន្តែម្ចាស់អង្គភាពនេះមិនបានទទួលយក និងអនុវត្តតាមការណែនាំទាំងនោះឡើយ ផ្ទុយទៅវិញអង្គភាពនេះបានបន្តបំពានក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដដែល។ ហេតុដូច្នេះហើយទើបក្រសួងបានសម្រេចលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាននេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឲ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារមានគុណភាព ដោយត្រូវធានាថាជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕