ល្បែងស៊ីសងអនឡាញខុសច្បាប់ (មាន់ជល់ និងឡូតូ) នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែបើកដំណើរការទទួលភ្ញៀវពពាក់ពពូនគ្នាចូលលេងយ៉ាងរំភើយ មិនខ្លាចញញឺតច្បាប់អ្វីបន្តិចទាល់តែសោះ ហាក់ម្ចាស់មានខ្នងបង្អែករឹងមាំ ហ៊ានល្មើសនឹងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំណែកអាជ្ញាធរក្នុងមូលដ្ឋានហាក់ស្ពឹកស្រពន់ដៃជើង មិនដឹង មិនអើពើសកម្មភាពបើកដំណើរការឡើងវិញក្នុងមូលដ្ឋាន ហើយអ្នកកាសែតដឹងមុន!!!។
មហាជន និងអ្នកវិភាគថា ពួកអស់នេះវាបិទបានតែមួយរយៈពេលខ្លីបន្ទាប់ពីធ្វើកិច្ចសន្យា រួចបើកដំណើរការឡើងវិញទាំងអស់ ដែលជាហេតុនាំឱ្យតំបន់តែកើតមានល្បែងស៊ីសងនោះ គឺប្រជាពលរដ្ឋរស់នៅមិនសុខឡើយ ព្រោះសម្បូរទៅដោយក្រុមចោរលួច ឆក់ ប្លន់ និងអំពើរហិង្សាក្នុងគ្រួសារជាដើម ដើម្បីយកលុយទៅចាក់ភ្នាល់ល្បែងស៊ីសងខុសច្បាប់ទាំងអស់នោះ សូម្បីតែស្នួលខោអាវហាលនៅមុខផ្ទះក៏មិនលើកលែង។
ភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ជាក្តីបារម្ភរបស់ប្រជាជន ដែលបណ្តែតបណ្តោយឱ្យថៅកែបនល្បែងស៊ីសងអនឡាញខុសច្បាប់ ពង្រីកទីតាំងក្នុងមូលដ្ឋាន ហើយបង្រ្កាបមិនបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា លោក រស់ ចន្ថា អធិការដ្ឋាននគរបាលស្រុកស្អាង នឹងមិនស្ពឹងស្រពន់ដៃជើង ហើយបញ្ជាដល់មន្ត្រីក្រោមឱវាទ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីរក្សាឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។