ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានក្បាលដីចំនួន ១,២៥៤ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានថ្លែងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។
ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល១៥ (គិតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់ ដើម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
លោកអនុប្រធានមន្ទីរក៏បានថ្លែងអំណរគុណដល់ក្រុមការងារក្រុងតាខ្មៅដែលបានចុះមកជួយការងារចុះបញ្ជីដីធ្លីនេះដែលធ្វើអោយការចុះបញ្ជីដីធ្លីមានភាពរលូននឹងឆាប់រហ័ស។
លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ បានបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យតើមានភាពត្រឹមត្រូវដែររឺទេ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅ៕