ខេត្តកណ្តាល៖ ពិធីសម្ពោធបណ្ណាល័យមរតក ម៉ែន សាអ៊ុន ហង់ជួននៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ព្រមទាំងបានជួសជុល និងកែលម្អបណ្ណាល័យ សម្រាប់សមណសិស្សដែលកំពុងសិក្សានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តប្រជុំនទីក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ពិធីសម្ពោធបណ្ណាល័យមរតក ម៉ែន សាអ៊ុន ហង់ជួននៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ វិស័យពុទ្ធិកសិក្សាជាទុនមួយដ៏សំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ឯកឧត្តមសង្ឃឹមថា គណៈគ្រប់គ្រងសាលា ព្រមទាំងគ្រូបង្រៀនគ្រប់មុខវិជ្ជាទាំងអស់ និងនិងខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី បង្ហាត់បង្រៀនដោយមិនខ្លាចនឿយហត់ ធ្វើឱ្យសមណសិស្សគ្រប់ព្រះអង្គទទួលបាននូវចំណេះដឹង ដើម្បីជាស្ពានសម្រាប់ថ្ងៃអនាគត។
ឯកឧត្តមបានបន្ថែមថា៖បណ្ណាល័យ គឺជាឃ្លាំងចំណេះដឹងចំណេះវិជ្ជា ជាទ្រព្យសម្បត្តិមិនចេះរីងស្ងួត បណ្ណាល័យជាមណ្ឌលប្រមូលផ្ដុំ តម្កល់រក្សាទុក សៀវភៅ ឯកសារ សម្បូរបែប សម្រាប់អ្នកសិក្សា ស្រាវជ្រាវ នូវចំណេះដឹង ជាសាធារណៈ ការអានសៀវភៅ យើងអានដើម្បីបន្ថែមចំណេះដឹង អភិវឌ្ឍន៍សមត្ថភាពខ្លួនឯង យល់ដឹងអំពី វប្បធម៌ជាតិ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សកម្មភាពសង្គម និងការអភិវឌ្ឍ ។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្ថែមថា៖ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនទៅបាន គឺសំខាន់ត្រូវអភិវឌ្ឍន៍ធនធានមនុស្ស អានសៀវភៅឱ្យបានច្រើន ទើបធ្វើឱ្យយើងទទួលបានចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យសិស្សរៀនពូកែបាន។
ឯកឧត្តមសង្កត់ធ្ងន់ថា៖វិស័យពុទ្ធិកសិក្សា ជាវិស័យមួយ សម្រាប់បណ្តុះបណ្តាលធនធានព្រះសង្ឃទាំងបញ្ញាស្មារតី ទាំងសីលធម៌ គុណធម៌ ដែលជាគំរូដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន។ ពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា មានទិសដៅបណ្តុះបណ្តាល ធនធានបុព្វជិតនិងជួយរក្សាវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ ព្រមទាំងជួយ បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សមណសិស្សបន្ថែមទៀត៕