ខេត្តកណ្តាល៖ ព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង អាណត្តិទី៤ នៅសាលាស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានថ្លែងនូវការអបអរសាទរ និងកោតសរសើរដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកពញាឮ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុក សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។
ឯកឧត្តមបានបន្តទៀតថា៖ សមាជិក សមាជិកាក្រុមប្រឹក្សា ដែលជាប់ឆ្នោត ត្រូវគោរពតាមគោលការច្បាប់បានកំណត់ថា ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្ដី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំស្រុក បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ័យ។សំខាន់បំផុត ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មីអាណត្តីទី៤ ដែលទើបប្រកាសចូលកាន់តំណែងត្រូវខិតខំយកចិត្តទុកដាក់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋអោយបានល្អប្រសើរដើម្បីផលប្រយោជន៍របស់ប្រទេសជាតិយើង៕